2024-03-22
ទូច សូរិយា
2024-03-22
ទូច សូរិយា
ភ្នំពេញ៖ ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅកម្មវិធីខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញនូវ«ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា៖«ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច បានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍ បានកើនឡើងជាលំដាប់ជាមធ្យម១៥% ក្នុងមួយឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា៣៥% និង៣០% រៀងគ្នា»។
លោកជំទាវបណ្ឌិត បានបន្តថា កិច្ចខិតខំប្រឹងប្រែងកន្លងមក បានត្រឹមតែទប់ស្កាត់ដុល្លាររូបនីយកម្ម មិនឱ្យកើនឡើងតទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិតដុល្លាររូបនីយកម្មនៅឡើយទេ។ នៅត្រង់ចំណុចនេះ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀល អាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញ គឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុន-សហគ្រាស ប្រជាជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានមានលំនឹងឡើងវិញប្រកបដោយទំនុកចិត្ត តែកម្រិតដុល្លាររូបនីយកម្មបានកើនឡើងរហូតដល់កម្រិតជាង ៦០% នាចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដល់ប្រមាណ ៨០% នាចុងទសវត្សរ៍ឆ្នាំ២០០០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី