2024-03-19
គិត បុប្ផា
2024-03-19
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍លើកទឹកចិត្ត ៩ចំណុច ដល់គ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែក និងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ ការផ្តល់អនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងប្រកាសបើកយុទ្ធនាការ«ទស្សនាសៀមរាបឆ្នាំ២០២៤» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
អនុសាសន៍ដែលសម្តេចធិបតី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ, ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធ ស្របតាមអភិក្រម «ចីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការ និងគោលនយោបាយនានា ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធនាការ«ទស្សនាសៀមរាបឆ្នាំ២០២៤»។
ប្រមុខរាជរដ្ឋាភិបាល បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និងបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន។ លើសពីនេះ ត្រូវជំរុញការផលិត ផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ«ការនាំចេញនៅនឹងកន្លែង» និងសហការគ្នា សិក្សា និងរៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា។
សម្តេចធិបតី ក៏បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំយុទ្ធសាស្ត្រជួបជុំ ដូចជាកិច្ចប្រជុំ, វិបស្សនា, កម្មវិធីកីឡា និងកម្មវិធីនានានៅខេត្តសៀមរាប, សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ពួកគាត់ប្រកបដោយភាពងាយស្រួល និងកក់ក្តៅ។ ជាពិសេស ត្រូវរួមគ្នា ដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ», «ទាំងអស់គ្នាដើម្បីទេសចរណ៍», និង «ទេសចរណ៍ ដើម្បីទាំងអស់គ្នា» ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី