2025-12-04
SME News
2025-12-04
SME News
នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន បានអញ្ជើញបិទបញ្ចប់សិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពជោគជ័យលើការអភិរក្ស គ្រប់គ្រងផ្សោតទឹកសាប និងជីវចម្រុះ»។
អង្គសិក្ខាសាលារយៈពេល៣ថ្ងៃ បានសម្រេចជំហានជាប្រវត្តិសាស្ត្រមួយ ដែលប្រតិភូនៃប្រទេសទាំង៥ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាបង្កើត «បណ្តាញប្រចាំតំបន់សម្រាប់ការអភិរក្ស និងការគ្រប់គ្រងផ្សោតទឹកសាប Irrawaddy និងជីវចម្រុះ» ក្រោមការគាំទ្របច្ចេកទេស ពីវិទ្យាស្ថានជីវវិទ្យាទឹក (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវជលផលទឹកសាប (FFRC) នៃប្រទេសចិន។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា បានសម្តែងការកោតសរសើរចំពោះការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់សិក្ខាកាម និងការចែកបទពិសោធន៍ ផ្តល់យោបល់ល្អក្នុងគោលដៅរួមមួយ ដើម្បីពង្រឹងការគ្រប់គ្រងនិងកិច្ចការការពារផ្សោតទឹកសាបនៅក្នុងតំបន់ប្រកបដោយនិរន្ដរភាព។
បើតាមលោកជំទាវអនុរដ្ឋលេខាធិការ បទពិសោទជោគជ័យរបស់ប្រទេសចិន ក្នុងការអភិរក្សផ្សោតឥតព្រុយខ្នង នៅទន្លេ Yangtze គឺជាគំរូមួយដែលកម្ពុជានិងប្រទេសនានាដែលមានវត្តមានសត្វផ្សោតទឹកសាប អាចរៀនសូត្រនិងអនុវត្តបាន ដើម្បីបង្កើនចំនួនផ្សោតទឹកសាបឡើងវិញ។
ក្នុងនាមជាសហប្រធានដឹកនាំអង្គសិក្ខាសាលា លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ លោក Wang Ding សាស្រ្តាចារ្យនៃវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន( IHB) ដែលបានប្ដេជ្ញាចិត្តផ្ដល់ជំនួយបច្ចេកទេស និងចំណេះជំនាញថ្មីៗបន្ថែមទៀតដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ដើម្បីគ្រប់គ្រង និងអភិរក្សសត្វផ្សោតទឹកសាបនៃប្រទេសទាំងនេះឱ្យឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថាសិក្ខាសាលាថ្នាក់តំបន់ រៀបចំឡើងដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ធ្នូ ឆ្នាំ២០២៥ ដោយនៅថ្ងៃទី៤ ប្រតិភូថ្នាក់តំបន់ធ្វើទស្សនកិច្ចតាមតំបន់នានា ក្នុងខេត្តសៀមរាបនៃកម្ពុជា មុននឹងធ្វើមាតុភូមិនិវត្ត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី