2024-03-12
ទូច សូរិយា
2024-03-12
ទូច សូរិយា
ភ្នំពេញ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៧គម្រោង ដែលមានទុនវិនិយោគជិត ១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ៣៨ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៧គម្រោង ដែល CDC បានអនុម័តនេះ មាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន១ ខណៈដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន១។
តាមការចុះផ្សាយដដែល បានបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០MW មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគ ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។ ចំណែក គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគជាង ១០៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។
ចំពោះ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំវិនិយោគជាង ១០៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង។ រីឯ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ អាចបង្កើតការងារបានចំនួន ៤៣កន្លែង។
ជាមួយនេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមចំនួន ២១២លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។ ក្នុងសេចក្តីប្រកាសរបស់ CDC បានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ វិនិយោគិនក្នុងស្រុក បានគ្របដណ្តប់ទុនវិនិយោគចំនួន ៥៨,៤១% ខណៈដែលទុនវិនិយោគមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី