2024-03-09
ទូច សូរិយា
2024-03-09
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍១៣ចំណុច ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ។ ការផ្តល់អនុសាសន៍របស់សម្តេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែកុម្ភៈ។
អនុសាសន៍ ១៣ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍នោះ រួមមាន៖ ទី១. ត្រូវចូលរួមពន្លឿនការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និង អភិវឌ្ឍន៍កន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន, និងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងសកល។
ទី២. ត្រូវជំរុញការរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម CamDX ឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៤, ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក និងផ្សព្វផ្សាយឱ្យកាន់តែទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញ។ រីឯ ទី៣. ត្រូវដឹកនាំ និងជំរុញចលនាបង្កើនផលិតកម្ម និងផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្ដាលសម្រេចពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែចង្វាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។
ចំណែកទី៤. ចូលរួមសិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយ ដែលអាចសម្រួលគ្រប់នីតិវិធី និងបែបបទគយ, ពន្ធដារ, បរិស្ថាន, ពាណិជ្ជកម្ម, សេវាកម្ម, ឡូជិស្ទិក និងកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មក្នុងតំបន់។ ទី៥. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីការផ្ទេរបច្ចេកវិទ្យា, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម, សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហភាពសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសេចក្តីព្រាង អនុក្រឹត្យស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍ។
ចំពោះទី៦. ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារ នៅក្នុងគំនិតផ្តួចផ្តើមស្តីពីការបង្កើត«មជ្ឈមណ្ឌលគាំទ្រធុរកិច្ច និង SMEs ក្នុងការចាប់យកឌីជីថល» ដើម្បីចូលរួមបណ្តុះផ្នត់គំនិតសហគ្រិនភាព, និងលើកកម្ពស់ការប្រើប្រាស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម សំដៅបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច និងបង្កើនលទ្ធភាពពង្រីកទីផ្សារទាំងក្នុងតំបន់ និងសកល។ ទី៧. ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្ស ដីស្រែអំបិល ដែលជាកេរដំណែលពីដូនតា, និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នាជាមួយការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល។
ទី៨. ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺ គុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ។ ទី៩.បន្តជំរុញការអភិវឌ្ឍ និងការអនុម័តស្តង់ដាថ្មីៗបន្ថែមទៀត លើមុខទំនិញយុទ្ធសាស្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា ។
ទី១០. ត្រូវសិក្សារៀបចំក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្សផ្នែកបច្ចេកវិទ្យា សម្រាប់រយៈពេលមធ្យម និងវែង ដោយពិនិត្យបន្ថែមលើការជំរុញបង្កើតប្រព័ន្ធអេកូវិទ្យារវាងយុវជននវានុវត្តន៍-នវធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រាសធុនតូច និងមធ្យម សំដៅពង្រឹងផលិតភាព, ពង្រីកទីផ្សារ, បង្កើនប្រសិទ្ធភាព, និង ពង្រឹងសមត្ថភាពធនធានមនុស្ស, ព្រមទាំងលើកកម្ពស់ការចងក្រង និងការទាក់ទាញប្រមូលមូលធន មនុស្សផ្នែកបច្ចេកវិទ្យា, ទាំងក្នុងស្រុក និងក្រៅស្រុក ។
ចំណែកឯទី១១. បន្តចូលរួមកាន់តែសកម្មក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋាភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងតាមយន្តការច្រកចេញ-ចូលតែមួយ ទាំងនៅក្រសួង និងមន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈ ជូនធុរជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងខិតជិតប្រជាជន ស្របតាមអភិក្រម«ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព»។
ទី១២. ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់សេវាសាធារណៈនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិជាធរមាន ពិសេសយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទី១៣. ពន្លឿនការរៀបចំផែនការសកម្មភាពលម្អិត និងសូចនាករគន្លឹះ នៃការអនុវត្តយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានសកម្មបំផុតជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី