2024-02-24
ទូច សូរិយា
2024-02-24
ទូច សូរិយា
ភ្នំពេញ៖ ឥណ្ឌា បង្ហាញបំណងចង់ឱ្យមានមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យាជាស្នូល។ ការបង្ហាញពីគោលបំណង ត្រូវបានលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤។
ការដែលចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា នេះ ក្រោយពីលោកជំទាវបណ្ឌិត Devyani Uttam Khobragade មើលឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងៗដែលបាននិងកំពុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដូចជា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន និងតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-អង់គ្លេស ជាដើម។
ក្រៅពីពិភាក្សាអំពីតំបន់សេដ្ឋកិច្ចពិសេសនេះ ភាគីកម្ពុជា និងឥណ្ឌា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ពិសេស ការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំការសម្របសម្រួលពីលោកជំទាវបណ្ឌិត ដើម្បីឱ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅប្រទេសឥណ្ឌា ជួបពិភាក្សាការងារនិងបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌាគួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីផែនការមេរបស់កម្ពុជា ដែលមានសក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌា អាចពិនិត្យលទ្ធភាពជ្រើសរើសគម្រោងវិនិយោគរបស់ខ្លួនចេញពី«ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣»ទៀតផង៕
នាំមកជូនដោយ