SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី​៖ ករណីទាហាន​ខ្មែរ​​​​​ត្រូវបាន​​ចាប់ខ្លួន ការមិនបញ្ចេញព័ត៌មានភ្លាមៗ គឺដើម្បីសុវត្ថិភាពពួកគាត់ និងកុំស្មុគស្មាញកាន់តែខ្លាំង​ក្នុងការចរចា


សម្តេចធិបតី​៖ ករណីទាហាន​ខ្មែរ​​​​​ត្រូវបាន​​ចាប់ខ្លួន ការមិនបញ្ចេញព័ត៌មានភ្លាមៗ គឺដើម្បីសុវត្ថិភាពពួកគាត់ និងកុំស្មុគស្មាញកាន់តែខ្លាំង​ក្នុងការចរចា
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងថា ករណីទាហាន​ខ្មែរ​​​​​ត្រូវបាន​​ចាប់ខ្លួន​ការគ្រប់គ្រងព័ត៌មានគឺសំខាន់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួន អាចនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង នៅក្នុងការចរចា ដោះលែងពួកគាត់ត្រឡប់មកវិញ។

តាមរយៈសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​​នាថ្ងៃទី៣១ ខែកក្កដា សម្តេចធិបតី នាយករដ្ឋមន្ត្រី​ បានពន្យល់ថា៖ «ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត របស់កងទ័ពរបស់យើង​ ព្រោះនៅក្នុងដំណាក់កាលដំបូង គឺមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគាត់ទេ»។

សម្តេចធិបតី​ បន្តថាចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើង នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មាន ឱ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មាន អោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ភ្លាមៗតាំងពីពេលកើតហេតុ​ ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំ​ ឱ្យមានការដោះលែងកម្លាំងរបស់យើងផងដែរ។ សម្តេចធិបតី​បញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះលែងយោធិនយើង ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។

បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_2a79_8.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599