2025-07-15
ទូច សូរិយា
2025-07-15
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។
ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ដែលឯកឧត្តម ហួត ហាក់ ចូលរួមនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់ ដែលទទួលភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ ជាមធ្យម ក្នុង ១សប្តាហ៍៕
នាំមកជូនដោយ