2025-06-27
គន ម៉េងហុង
2025-06-27
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ប្រកាសផ្លូវការផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាង អូស្រ្តាលី និងកម្ពុជា រយៈពេល ៥ឆ្នាំបន្តទៀត ឆ្នាំ២០២៥-២០២៩ (Australia-Cambodia Development Partnership Plan – DPP 2025-2029)។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចូលរួមគាំទ្រការសម្រេចនូវគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ឯកឧត្តម Derek Yip លើកឡើងថា អូស្ត្រាលី និងកម្ពុជា មានភាពជាដៃគូដ៏យូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងមានអាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍រួមគ្នា ខណៈតម្រូវការនៃកិច្ចអភិវឌ្ឍន៍កម្ពុជា ដែលមានការវិវត្តជាបន្តបន្ទាប់, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអូស្ត្រាលី-កម្ពុជា ក៏បានសម្របនូវអាទិភាពការគាំទ្រផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមរយៈការគាំទ្រលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលមានភាពធន់, ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ, សន្តិសុខថាមពល និងទឹក, និងការលើកកម្ពស់គុណភាព ការគ្របដណ្តប់ និងលទ្ធភាពទទួលបានការថែទាំសុខភាព ព្រមទាំងការគាំពារសង្គម។ ផែនការនេះ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញារបស់អូស្ត្រាលីចំពោះប្រជាជនកម្ពុជា និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ជារួម។
ចំពោះផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៣ ដែលនឹងតម្រង់ទិស រួមមាន៖ ១. ការពង្រឹងស្ថាប័ន, ២. សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង៣. សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព។ ផែនការនេះ ក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ និងមានបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ ការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈផែនការនេះ គឺដើម្បីកសាងអនាគតប្រកបដោយភាពធន់ វិបុលភាព និងបរិយាប័ន្ន ព្រមទាំងបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាដើម។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី