2025-05-21
គិត បុប្ផា
2025-05-21
គិត បុប្ផា
ភ្នំពេញ៖ ការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាមរយៈការវិនិយោគបង្កើតរោងចក្រស៊ីម៉ងត៍ គឺជាការបង្កើតការវិនិយោគក្នុងស្រុកកាន់តែច្រើន និងអភិវឌ្ឍន៍ដល់មូលដ្ឋាន, បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បន្ថែមថា ការវិនិយោគបង្កើតរោងចក្រស៊ីម៉ងត៍នេះ ក៏រួមចំណែកជួយដល់ការកសាងសហគមន៍ផងដែរ ដូច្នេះភាគីពាក់ព័ន្ធ ត្រូវចូលរួមសហការបង្កលក្ខណៈងាយស្រួល ដើម្បីធានាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យម្ចាស់ក្រុមហ៊ុន រក្សានូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំសុខុមាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ ឱ្យបានជាអតិបរមាផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោងចក្រស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញពីការប្រែក្លាយទីតាំង ដែលធ្លាប់តែជាកន្លែងកាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និងទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើតការងារដល់ពលរដ្ឋអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ គោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល គឺខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាង សំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីឱ្យការងារមានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ និងសេដ្ឋកិច្ចគ្រួសារប្រជាជនកាន់តែប្រសើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី