2025-05-07
គិត បុប្ផា
2025-05-07
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ ដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់ ដូចជាការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់ និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣។
បើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានដាក់ចេញទិសដៅជំរុញការចេញផ្សាយសញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់ និងការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង។ លើសពីនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល ក៏បានដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ជំនួយបច្ចេកទេស ជាដើម។
ក្នុងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ ដែលធ្វើឡើង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី អង្គប្រជុំ បានបង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ដើម្បីឆ្លើយតបនឹងប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ អង្គប្រជុំ ក៏បានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ បើកចំហ បរិយាបន្ន តម្លាភាព និងសមភាពផងដែរ។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kenji Okamura នាយករងគ្រប់គ្រង IMF ដើម្បីផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី បង្ហាញពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រកំណើន និងការប្រឈមនឹងភាពមិនច្បាស់លាស់ នៃភាពតានតឹងពាណិជ្ជកម្ម។ បន្ថែមពីនេះ ឯកឧត្តម Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី