2025-02-27
ទូច សូរិយា
2025-02-27
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល នឹងចូលរួមលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃ និងមន្ទីរពិសោធន៍នេះ លោកជំទាវ ចម និម្មល បានបន្តថា គុណភាពចំណីអាហារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អ្នកទទួលទាន ពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់ ផ្ដល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងអាចឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍។ លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់អ្នកផលិត អ្នកកែច្នៃ និងអាជីវករ រួមគ្នាអភិវឌ្ឍន៍វិស័យម្ហូបអាហារឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង, លើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និងសកលវិទ្យាល័យនិងគ្រឹះស្ថានស្រាវជ្រាវនានា សិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗ ការលើកកម្ពស់គុណភាព និងការបង្កើនការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោកជំទាវ ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរឧស្សាហកម្ម ប្រកាសនីយបត្រតក្កកម្ម ឬសិទ្ធិអ្នកនិពន្ធ ដើម្បីការពារនូវកិច្ចខិតខំប្រឹងប្រែងនិងរបកគំហើញថ្មីៗដែលក្រុមហ៊ុនបានរកឃើញ, លើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានព័ត៌មាននិងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូលឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងលើកទឹកចិត្តឱ្យចូលរួមឱ្យបានសកម្មនៅរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងបេសកកម្មពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មរៀបចំ៕
នាំមកជូនដោយ