2025-01-14
ឃី ភារៈ
2025-01-14
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីសម្រេចគោលដៅ «ចក្ខុវិស័យរយៈពេលវែង» និងគោលបំណងនៃគោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា គឺត្រូវកំណត់គោលដៅចម្បង ដែលជាផ្នែកទាំង៤ នៃដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ «ដី ឫស ដើម និងមែក។ ខាងក្រោមនេះ គឺជាអត្ថន័យរបស់ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ ទាំង៤៖
ទី១, ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ ដី៖ ផ្តោតលើការអភិវឌ្ឍបរិស្ថាន ដែលមានលក្ខណៈអំណោយផលជាអាទិ៍ ការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការរៀបចំ និង ការធ្វើវិសោធនកម្មក្របខ័ណ្ឌគតិយុត្ត ឬនិយ័តកម្ម, ការរៀបចំក្របខ័ណ្ឌអន្តរប្រតិបត្តិការ, ការលើកកម្ពស់ភាពជឿទុកចិត្ត, ការពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធ និងការផ្តួចផ្តើមគំនិតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។ ទាំងនេះ គឺដូចគ្នាទៅនឹងដីមានជីជាតិ ដែលមានលក្ខណៈអំណោយផលដល់ការស្រូបយកជីជាតិរបស់ឫស និងជាមូលដ្ឋានទ្រទ្រង់ដល់ដើមឈើទាំងមូល។
ទី២, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលតំណាងដោយ ឫស៖ ផ្តោតលើការជំរុញការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ និងការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះចាំបាច់ដទៃទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិយាយដោយឡែក និងការអភិវឌ្ឍឌីជីថលនិយាយជារួម។ ថ្នាលឌីជីថលគ្រឹះប្រៀបបាននឹងឫសច្រើន និងមាំ ដែលអាចស្រូបយកជីជាតិពីក្នុងដីបានល្អសម្រាប់ទ្រទ្រង់ភាពរឹងមាំរបស់ដើម និងការបែកសាខារបស់មែក។ ទោះបីជាដីមានជីជាតិយ៉ាងណាក៏ដោយ ប្រសិនបើឫសមិនមានច្រើន និង មិនមាំ ក៏អាចស្រូបយកជីជាតិពីក្នុងដីទៅដើមឈើបានល្អនោះដែរ។
ទី៣, ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ដែលតំណាងដោយ ដើម៖ ផ្តោតលើជាអាទិ៍ការស្រាវជ្រាវ និងការអភិវឌ្ឍ, ការលើកកម្ពស់អក្ខរកម្ម, ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដើម្បីជំរុញការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ដូចគ្នាទៅនឹងដើម ដែលមានភាពរឹងមាំសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ល្អ និងការបែកសាខារបស់មែក, ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យា មានភាពចាំបាច់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ទី៤, ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ មែក៖ ផ្តោតលើការជំរុញពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ក្នុងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឱ្យមានភាពសម្បូរបែប ដែលអាចដើរស្របនឹងនិន្នាការតំបន់ និងសកល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ដូចគ្នាទៅនឹងមែក ដែលបែកសាខាប្រកបដោយផ្លែផ្កាច្រើន ដែលអាចអាស្រ័យផលបាន, ភាពសម្បូរបែបនៃសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់។
ប្រភពពីសៀវភៅ «គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨»៖ https://shorturl.at/muBtx
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី