2024-12-30
គិត បុប្ផា
2024-12-30
គិត បុប្ផា
ភ្នំពេញ៖ ធុរកិច្ចរបស់ប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី ស្វែងរកឱកាសសម្រាប់ភាពជាដៃគូ និងឱកាសធ្វើពាណិជ្ជកម្មរួមគ្នាក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម។ ការស្វែងរកនេះ ធ្វើឡើងនាឱកាសក្រុមហ៊ុនប្រមាណ៥០ ចូលរួមវេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២២-២៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងវេទិកា និងទស្សនកិច្ច ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការ UNIDO និងទីភ្នាក់ងារ GIZ នេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសំខាន់ៗ ដែលសហគ្រិនបានចូលរួមនោះ រួមមានការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច ដោយផ្តោតលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់កែច្នៃចំណីអាហារ និងការចែករំលែកបទពិសោធ ស្តីពីការអភិវឌ្ឍអាជីវកម្ម។
នាឱកាសនោះ គណៈប្រតិភូកម្ពុជាចំនួន២៥រូប បានចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន San Ha Co., Ltd. ដែលជាអាជីវកម្មកសិឧស្សាហកម្មឈានមុខលើបច្ចេកវិទ្យាផលិតកម្មបក្សី និងកែច្នៃចំណីអាហារ, ក្រុមហ៊ុន Hoang Phat Fruits Co., Ltd. នាំចេញផលិតផលផ្លែឈើ, និងក្រុមហ៊ុន Viet Mold Machine Co., Ltd. ល្បីឈ្មោះលើការផ្គត់ផ្គង់គ្រឿងម៉ាស៊ីនផលិត និងកែឆ្នៃគ្រាប់ស្វាយចន្ទី។ ដំណើរទស្សនកិច្ចទាំងនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា ស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្ម និងជំរុញនវានុវត្តន៍។
«វេទិកាផ្គូផ្គងធុរកិច្ច» ត្រូវបានសហការរៀបចំដោយការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំវៀតណាម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។ វេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ច គាំទ្រដោយគម្រោងថ្នាក់តំបន់ «ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN SME II)» ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ក្រោមជំនួយហិរញ្ញវត្ថុ ពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ UNIDO៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី