2024-11-25
ទូច សូរិយា
2024-11-25
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុក្នុងការនាំចេញ នឹងជួយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម(SMEs)ក្នុងស្រុក ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ បើតាមការចុះផ្សាយរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏បានដាក់បញ្ចូលគម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់ SMEs។
កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ដាក់ដំណើរការដោយធនាគារ មេយប៊ែង សហការជាមួយគម្រោង Feed the Future Cambodia Harvest III (គម្រោងហាវែស III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងរបស់ SMEs ក្នុងស្រុកលើឆាកអន្តរជាតិ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងវត្តមានរបស់ប្រទេសកម្ពុជាលើទីផ្សារអន្តរជាតិ។
កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានដូចជា កម្ចីសម្រាប់ជាទុន ហិរញ្ញប្បទានសម្រាប់ការនាំចេញ ទីផ្សាររូបិយប័ណ្ណបរទេសចំនួន២១ប្រភេទដោយមានអត្រាប្រកួតប្រជែង ដំណោះស្រាយផ្ទេរ និងទទួលប្រាក់ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺជាដំណោះស្រាយសម្រាប់ SMEs ក្នុងការជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបន្តកំណើនលើទីផ្សារអន្តរជាតិ។
ក្នុងពិធីដាក់ឱ្យដំណើរការនេះ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានលើកឡើងថា កម្មវិធីហិរញ្ញប្បទាននេះ គឺជាដំណោះស្រាយយ៉ាងសំខាន់សម្រាប់សហគ្រាសក្នុងស្រុក ដែលមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬទៅកាន់ទីផ្សារអន្តរជាតិថ្មី។ តាមរយៈការគាំទ្រដល់ SMEs នេះ គឺដើម្បីជម្នះឧបសគ្គលើផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូចម្រុះភាគីក្នុងការចូលរួមជំរុញកំណើនអាជីវកម្មបុគ្គល ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ។
ជាមួយគ្នានេះ លោក នីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III មានបញ្ជាក់ថា ជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះ SMEs អាចបាននូវដើមទុនចាំបាច់ដើម្បីគ្រប់គ្រងចំណាយផលិតកម្ម វិនិយោគលើការបង្កើនគុណភាព និងបំពេញតម្រូវការបញ្ជាទិញពីអន្តរជាតិ។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មដែលប្រកបដោយប្រសិទ្ធភាពនេះ គឺមានសារសំខាន់ដល់សហគ្រាសក្នុងស្រុក ក្នុងការជួយផ្សារភ្ជាប់គម្លាតលំហូរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យ SMEs ប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី