2024-06-13
ទូច សូរិយា
2024-06-13
ទូច សូរិយា
ភ្នំពេញ៖ ឥណ្ឌូនេស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរដ្ឋទូត Santo Darmosumarto គណៈប្រតិភូស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំការងារនេះ ឯកឧត្តម Darmosumarto បានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជាជីវៈសម្រាប់ឧស្សាហកម្ម, និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាថាផលិតផលបំពេញតាមស្តង់ដារទីផ្សារក្នុងប្រទេសទាំងពីរ។
ឯកឧត្តម ហែម វណ្ណឌី បានឆ្លើយតបវិញថា ក្រសួងបានត្រៀមខ្លួនរួចរាល់ ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ពិសេសអំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព ខណៈប្រទេសឥណ្ឌូនេស៊ីមានប្រមាណ ៦៥ លានអង្គភាព ដែលនេះបង្ហាញពីឱកាសដើម្បីកម្ពុជាដកស្រង់បទពិសោធន៍ដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី។
តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១១ មិថុនា បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ីឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី