2024-11-06
ទូច សូរិយា
2024-11-06
ទូច សូរិយា
ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៣២ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានផ្តល់ឥណទានសរុប ៥,១១ពាន់លានដុល្លារ ដល់អតិថិជន ១,៥៥លានគណនី និងទទួលបានប្រាក់បញ្ញើ ២,២១ ប៊ីលានដុល្លារ ពីអតិថិជនជិត ២លានគណនី ដែលក្នុងនោះ ៦៧% ជាស្ត្រី។ នេះជាការលើកឡើងរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ CMA នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងសន្និសីទដែលរៀបចំឡើងរបស់ CMA នៅខេត្តសៀមរាបនេះ លោកជំទាវ ឌិត នីតា បានមានប្រសាសន៍ថា គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៣២ ដែលជាសមាជិករបស់ CMA នេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន ២១ពាន់នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន៩០០ ផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាលនៃ CMA បានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់ CMA ក៏បានដើរតួនាទីក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ដែលស្របតាមគោលដៅអភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំរូសម្រាប់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពផងដែរ។
លោកជំទាវ ឌិត នីតា បានបញ្ជាក់បន្ថែមថា៖ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ មិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន ដែលក្នុងនោះយើងកំពុងធ្វើការងាររួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុដែលបម្រើប្រជាជនគ្រប់ៗរូបទៀតផង»។ ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃ CMA បានបញ្ចាក់ថា សមាគម CMA ក៏បានប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤,៤% នៃចំនួនប្រជាជនកម្ពុជាថែមទៀត។
លោកជំទាវ ឌិត នីតា ក៏បានបញ្ជាក់បន្ថែមថា សមាគម CMA ក៏កំពុងសហការជាមួយអង្គការ Oxfam ដើម្បីលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍន៍ផលិតទឹកស្អាត និងអនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ លោកជំទាវ ឌិត នីតា មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់យើងឱ្យចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន»។ គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី