2024-11-01
គិត បុប្ផា
2024-11-01
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត អនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ពិសេសត្រូវអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា បន្ថែម ២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដើម្បីផ្តោតឱ្យសិក្សានុសិស្សអាចពង្រឹងបន្ថែមលើមុខវិជ្ជាសិក្សាគោល វិន័យ សីលធម៌ និងឥរិយាបថផងដែរ។
ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ទទួលបានលទ្ធផលល្អសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំបន្ថែម ដូចជា៖ ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញរួចហើយ ព្រមទាំងគាំទ្រ និងវាយតម្លៃ ដើម្បីឱ្យសាលារៀនគំរូពង្រីកការអនុវត្តស្តង់ដារ ក្នុងគោលដៅធានាការអប់រំប្រកបដោយគុណភាព។ ទី២. គ្រឹះស្ថានសិក្សា ត្រូវរៀបចំបរិស្ថានឱ្យបានស្អាត បណ្តុះសិក្សានុសិស្សឱ្យមានឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ និងត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយជំងឺ និងផលប៉ះពាល់លើសុខភាព។
ទី៣. លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ទី៤. មាតាបិតា អាណាព្យាបាល ត្រូវតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូន ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ និងត្រូវចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ។ ទី៥. សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតរុងរឿង និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ ទី៧. ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា បន្តចូលរួមឱ្យបានកាន់តែសកម្ម ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់លទ្ធភាព។
ទី៨. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយអំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារសំខាន់នៃការអប់រំ និងការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង។ ទី៩. មាតាបិតា អាណាព្យាបាលគ្រប់រូប ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី គឺ២០២៤-២០២៥ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី