2023-11-06
គិត បុប្ផា
2023-11-06
គិត បុប្ផា
ភ្នំពេញ៖ ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានកំណើនប្រមាណ៥,៣ភាគរយ ក្នុងឆ្នាំ២០២៣។ កំណើននេះ បានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្សំនឹងកំណើនប្រសើររឹងមាំនៃការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។ នេះបើតាម ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុ (IMF) ដឹកនាំដោយលោក Davide Furcer ប្រធានក្រុមបេសកកម្ម Article IV ក្នុងកិច្ចប្រជុំបូកសរុប «លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា សម្រាប់ឆ្នាំ២០២៣ និង២០២៤»។
បើទោះការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់-អចលនទ្រព្យ មានភាពថមថយ ប៉ុន្ដែកម្ពុជានៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអាត្រា៥,៣ភាគរយ ដែលបានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ វិស័យសេវាកម្ម រួមផ្សំនឹងការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។ នេះបើតាមការបញ្ជាក់ថា របស់លោក David Furcer នាជំនួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ប្រធានក្រុមបេសកម្មរូបនេះបន្ដថា អត្រាអតិផរណាត្រូវបានវាយតម្លៃ នឹងថមថយក្នុងអាត្រា ២,៣ភាគរយជាមធ្យមសម្រាប់ឆ្នាំ២០២៣ ហើយនឹងវិលទៅរកនិន្នាការរយៈពេលវែងវិញ ក្នុងអាត្រា៣ភាគរយនៅឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្ដនៃកត្តាតម្លៃទំនិញ។ ចំពោះឱនភាពគណនីចរន្ដនឹងរួមតូចមកត្រឹម២,១ភាគរយ នៃកំណើនផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៣ ព្រោះតែការថយចុះការនាំចូលមាស,ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។
បើទោះបីសម្ទុះនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នៅល្អក្ដី ប៉ុន្ដែ IMF ក៏បានប្រាប់ពីហានិភ័យចម្បងមួយចំនួនដែលអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចផងដែរ។ ក្នុងនោះរួមមាន ភាពកាន់តែថមថយនូវតម្រូវការពីដៃគូរពាណិជ្ជកិម្មប្រទេសអភិវឌ្ឍន៍, ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចចិន, ឥទ្ធិពលលើសពីការរំពឹងទុកនៃការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការកើនឡើងសម្ពាធបំណុល រួមទាំងការបន្ដភាពបែកខ្ញែកទីតាំងភូមិសាស្រ្ដសេដ្ឋកិច្ច-នយោបាយ។
ទន្ទឹមនឹងនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា លទ្ធផលនៃការវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានកម្រិតស្រដៀងគ្នានៃការវាយតម្លៃតួលេខកំណើនជារួមក្នុងឆ្នាំ២០២៣ និងរយៈពេលមធ្យមខាងមុខ។ លទ្ធផលនេះ បានបញ្ជាក់ពីបញ្ហាប្រឈម និងហានិភ័យនៃសេដ្ឋកិច្ចសកលបច្ចុប្បន្ន និងរយៈពេលខាងមុខ ដែលតម្រូវឱ្យមានការតាមដានជាប្រចាំ ឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងដើរលើមាគ៌ាដ៏សមស្របមួយ តាមរយៈការបន្ដដាក់ចេញ និងអនុវត្តវិធានការអន្ដរាគមន៍ ក៏ដូចជាគោលនយោបាយគាំទ្រផ្សេងៗយ៉ាងហ្មត់ចត់ ទិសដៅកាត់បន្ថយផលប៉ះពាល់ ដែលបន្សល់ពីវិបត្តិជំងឺកូវីដ-១៩ ដែលជាហានិភ័យ និងបញ្ហានានាដែលបណ្ដាលមកពីភាពមិនអំណោយផលនៃកត្តាភូមិសាស្រ្ដនយោបាយ ឱ្យសម្រេចបាននូវប្រសិទ្ធិភាពកម្រិតអតិបរមា សំដៅធានានូវការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្រ្ដីសេដ្ឋកិច្ចរូបនេះ បានបន្ដបញ្ជាក់ក្នុងកិច្ចប្រជុំថា «រាជរដ្ឋាភិបាលកំពុងពង្រឹងគោលនយោបាយសារពើពន្ធ ដោយពង្រឹងប្រសិទ្ធភាពថវិកា, បន្ដអនុវត្តកៀរគរចំណូលឱ្យប្រសើរឡើង, ពង្រឹងវិស័យ និងប្រសិទ្ធិភាពចំណាយ និងបន្ដភាពប្រុងប្រយ័ត្នលើការគ្រប់គ្រងបំណុល»។
សូមជម្រាបថា កន្លងមក IMF តែងតែផ្ដល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលនានា ដល់មន្រ្ដីធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី