2024-10-18
ទូច សូរិយា
2024-10-18
ទូច សូរិយា
ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដាក់ឱ្យដំណើរការនូវការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់ តាមរយៈមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ និងពង្រឹងភាពប្រកួតប្រជែងក្នុងការនាំចេញរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ការបង្កើតសេវាកម្មធ្វើតេស្តនេះ ដោយសារអាជីវកម្មប្រមាណ ៧០ភាគរយនៅកម្ពុជា បានជួបប្រទះនឹងឧបសគ្គនៅពេលស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពសម្រាប់ផលិតផលកសិកម្ម ដែលនេះគឺជាផ្នែកមួយនៃកង្វះខាតសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគ មានការទទួលស្គាល់ជាអន្តរជាតិនៅកម្ពុជា។ ការពឹងផ្អែកលើសេវាកម្មមន្ទីរពិសោធន៍នៅបរទេសនេះ បណ្តាលឱ្យមានការកើនឡើងនូវហានិភ័យនៃការចម្លង ការពន្យារពេលវេលាទទួលបានលទ្ធផលវិភាគ ការចំណាយខ្ពស់ និងការកាត់បន្ថយភាពប្រកួតប្រជែងផងដែរ។
សេវាកម្មវិភាគដែលផ្តល់តាមរយៈមន្ទីរពិសោធន៍បរិស្ថានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានេះ នឹងធ្វើឱ្យគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិរបស់កម្ពុជាមានភាពប្រសើរឡើង ពិសេសនឹងជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគនេះ គឺជាគន្លឹះនៃការរីកចម្រើន និងភាពប្រកួតប្រជែងផងដែរ។
ឯកឧត្តម ដេរិក យីប បានបន្តថា អូស្ត្រាលី កំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជា ក្នុងការផលិត ផលិតផលកសិ-ចំណីអាហារ ប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់សម្រាប់ទីផ្សារ ក្នុងស្រុក និងអន្តរជាតិ និងប្រកបដោយប្រសិទ្ធភាពលើការចំណាយ។ ជាមួយគ្នានេះ សាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានបន្ថែមថា សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្ដល់លទ្ធភាពឱ្យវិទ្យាស្ថាន ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី