SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយ ដែលបង្កើតការផលិតទឹកស្អាតបាន៥០% នៅខេត្តមណ្ឌលគិរី ដាក់ឱ្យដំណើរការជាផ្លូវការ


បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយ ដែលបង្កើតការផលិតទឹកស្អាតបាន៥០% នៅខេត្តមណ្ឌលគិរី ដាក់ឱ្យដំណើរការជាផ្លូវការ
A+ A-

ភ្នំពេញ៖ បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកមណ្ឌលគិរីចំនួន ៥០% បន្ថែមទៀត។ បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលជាជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន នេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២ពាន់ ទៅ៣ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

ការបង្កើតចំនួនបរិមាណផលិតទឹកស្អាតនេះ ជាជំហានឆ្ពោះទៅមុខថ្មីមួយទៀត ក្នុងការដោះស្រាយតម្រូវការទឹកស្អាតក្នុងក្រុងសែនមនោរម្យ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងដូច្នេះថា៖«គម្រោងខ្នាតតូចតម្លៃ ១៥៦,១៥០ ដុល្លារនេះ គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ»។

មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖«ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះបានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម»។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖«យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារសំខាន់ណាស់ក្នុងការពង្រីក "ភ្នំពេញអច្ឆរិយៈ (សំដៅដល់បទពិសោធ និងភាពជោគជ័យនៃការអភិវឌ្ឍវិស័យទឹកស្អាតក្នុងរាជធានីភ្នំពេញ)" ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ»៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599