2024-09-25
SME News
2024-09-25
SME News
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាម៉េរិក សម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។ ជំនាញដែលផ្តោតសំខាន់នោះ គឺផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។
សេចក្តីប្រកាសព័ត៌មានរបស់ World Bank នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងជួយលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានេះ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ គម្រោងនេះ មានរយៈពេល៦ឆ្នាំ គាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៥ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
ធនាគារពិភពលោក រំពឹងទុកថា តាមរយៈគម្រោងផ្តល់កម្ចីនេះ និស្សិតប្រមាណ ៣២,០០០នាក់ ក្នុងនោះនិស្សិតស្រីប្រមាណ ១៣,០០០នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានា របស់កម្មវិធី ដែលរួមមាន៖ ការអាប់ដេតកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។ បន្ថែមពីនេះ គម្រោងផ្តោតសំខាន់លើការលើកកម្ពស់គុណភាព នៃការរៀនសូត្រសម្រាប់និស្សិតស្រី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្ត្រីដែលជាគ្រូ ឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។
«ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវ និស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្ស សម្រាប់កំណើននិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។ នេះបើតាមការលើកឡើងរបស់លោកស្រី ថាញ៉ា ម៉ៃយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោកដដែល បានលើកឡើងថា គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធរបស់គម្រោង ដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨,០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោមនោះ ជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី