2024-09-03
គិត បុប្ផា
2024-09-03
គិត បុប្ផា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណង ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន(WASH) នៅទីជនបទសម្រាប់ពលរដ្ឋ ៨,៨ពាន់គ្រួសារ ក្នុងភូមិចំនួន៤០០ នៃឃុំចំនួន៥០ នៅកម្ពុជា។ ការជួយពង្រីកការផ្គត់ផ្គង់ទឹកនេះ គឺផ្តោតលើខេត្ត៩ មានបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។
ADB បានសម្រេចផ្តល់ហិរញ្ញប្បទានទាំងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាពនៅកម្ពុជា។ កម្មវិធីនេះ មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការធ្វើផែនការ ការរចនា និងការអនុវត្តកម្មវិធី។ ADB បញ្ជាក់ថា កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះគាំទ្រ WASH ធ្វើឡើងក្នុងគោលដៅផ្តល់អាទិភាពឱ្យពលរដ្ឋនៅតំបន់ដាច់ស្រយាល ទទួលបានកំណែទម្រង់ ពង្រឹងអភិបាលកិច្ចចាត់ចែងបរិក្ខារ WASH ដែលគ្រប់គ្រងដោយសហគមន៍។ លោកស្រី Jyotsana Varma បន្តថា កម្មវិធីដែលពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាលនេះ ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុផងដែរ។
កម្មវិធីផ្គត់ផ្គង់ទឹកនេះ រួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តដែលមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទ ដែលប្រឈមមុខខ្លាំងនឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ គួរបញ្ជាក់ថា ជំនួយបច្ចេកទេសចំនួន ៦០ម៉ឺនដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងការផ្គត់ផ្គង់ទឹកនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី