2024-02-10
ទូច សូរិយា
2024-02-10
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជា នាំចេញអង្ករបាន ៤៦ ២២១តោន ដែលមានទំហំទឹកប្រាក់៣២.៦២លានដុល្លារ។ ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤២។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ការនាំចេញនោះ គឺទៅកាន់បណ្តាប្រទេសមួយចំនួន ដែលរួមមាន៖ សហគមន៍អឺរ៉ុបនាំចេញអង្ករបាន ២៥ ០០៥តោន មានទឹកប្រាក់ ១៨.៨៥លានដុល្លារ, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេស នាំចេញអង្ករបាន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៥ ១៧១ តោន មានទំហំទឹកប្រាក់ ២.៩៣លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន មានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារ។
ចំពោះ ប្រភេទអង្ករដែលកម្ពុជានាំចេញមានដូចជា៖ អង្ករក្រអូបចំនួន ៧៩.៣៣%, ប្រភេទអង្ករស ធម្មតា ១៤.៨៤%, អង្ករចំហ៊ុយ ៣.១៧% និងអង្ករសរីរាង្គចំនួន ២.៦៦% ។ លើសពីនេះ កម្ពុជាបាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់ជាង ១៨៤លានដុល្លារ ដែលក្នុងនោះ ៤៧%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
គួរបញ្ជាក់ថា ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤នេះ មានការកើនឡើងជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ខណៈដែលទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា៕
នាំមកជូនដោយ