2024-08-24
អ៊ួន សំណាង
2024-08-24
អ៊ួន សំណាង
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យម្ចាស់អាជីវកម្មជី និងថ្នាំកសិកម្ម ចូលរួមវគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការគ្រប់គ្រងជី និងថ្នាំកសិកម្ម។ ការចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យអាជីវករទទួលបានចំណេះដឹង អាចជួយដល់កសិករក្នុងការប្រើប្រាស់ ទុកកដាក់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ កាត់បន្ថយចំណាយថ្លៃដើម និងការពារបរិស្ថានផងដែរ។
ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យការធ្វើអាជីវកម្មជី និងថ្នាំកសិកម្ម ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែងនេះ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ដើម្បីបង្កើន និងពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធលើវិស័យកសិកម្ម ដែលផ្តោតលើការគ្រប់គ្រងអាជីវកម្មជីនិងថ្នាំ សំដៅដល់ការការពារផលប្រយោជន៍របស់ប្រជាកសិករ។ ដំណើរទស្សនកិច្ច នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ក៏បានពិភាក្សាអំពីការគាំទ្រទៅការធ្វើអាជីវកម្មជីនិងថ្នាំកសិកម្មស្របច្បាប់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មផងដែរ។ថ្នាក់ដឹកនាំរបស់ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានសហការជាមួយក្រសួងកសិកម្មលើការគ្រប់គ្រង និងបង្កើនការទប់ស្កាត់ ចំពោះការនាំចូល និងចរាចរណ៍ជី-ថ្នាំកសិកម្មខុសច្បាប់ ពិសេសនឹងណែនាំដល់អង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចខេត្ត ឱ្យចូលរួមអនុវត្តការងារនេះកាន់តែសកម្មថែមទៀត។ ដំណើរទស្សនកិច្ចនេះ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានចុះពិនិត្យច្រករបៀង និងដេប៉ូមួយចំនួនក្នុងខេត្តទាំងពីរ ដើម្បីស្វែងយល់ពីស្ថានភាពនៃការធ្វើអាជីវកម្ម និងផ្តល់ការណែនាំបន្ថែមដល់ភាគីពាក់ព័ន្ធអំពីការគ្រប់គ្រងអាជីវកម្មជី និងថ្នាំកសិកម្ម ដែលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី