2024-08-15
គិត បុប្ផា
2024-08-15
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋដែលគាំទ្រ និងមិនគាំទ្រលើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) បញ្ចេញមតិតាមការយល់ឃើញរបស់ខ្លួនដោយសន្តិវិធី ជៀសវាងការប្រើប្រាស់ហិង្សា និងធ្វើបាតុកម្មណាមួយ ដែលនាំឱ្យបែកបាក់សាមគ្គី ប៉ះពាល់ដល់សន្តិសុខ និងបាត់បង់ឯកភាពជាតិ។
ការអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមានការបញ្ចេញមតិផ្សេងគ្នាជាច្រើនជុំវិញគម្រោង CLV ដោយក្នុងនោះមានពលរដ្ឋមួយចំនួនទាមទារចង់ឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះ ព្រោះភ័យខ្លាចបាត់បង់ទឹកដី និងមួយចំនួនទៀតគាំទ្រចំពោះការអភិវឌ្ឍនេះ ដោយសារជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបនឹងមតិប្រឆាំងថា ជំហររបស់កម្ពុជាលើឆាកអន្តរជាតិ គឺប្រឆាំងលើការបំបែករដ្ឋដែលជារដ្ឋអធិបតេយ្យភាព នៅក្នុងអង្គការសហប្រជាជាតិ ដូច្នេះហើយកម្ពុជាក៏មិនមានការបំបែកខេត្តនោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា អ្នកដែលមិនគាំទ្រចំពោះគម្រោង CLV នេះ អាចបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំបានដោយសន្តិភាព រៀងរាល់៥ឆ្នាំម្តង ដោយមិនចាំបាច់កាប់ចាក់គ្នានោះទេ។ ទោះជាមានមតិផ្សេងៗគ្នាក្តី សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់ទុកថា ទស្សនៈរបស់ពលរដ្ឋទាំងអស់ គឺមានគោលបំណងថែរក្សាអធិបតេយ្យរបស់ជាតិនាថ្ងៃអនាគត។
ដើម្បីដោះស្រាយរាល់កង្វល់ និងមន្ទិលសង្ស័យសាធារណជនដែលធ្វើឡើងក្នុងគោលបំណងឱ្យកម្ពុជារីកចម្រើននាពេលអនាគត កម្ពុជា ចាំបាច់ត្រូវជំរុញការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី អធិបតេយ្យភាព និងឯកភាពជាតិ។ នេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី