2024-08-11
គិត បុប្ផា
2024-08-11
គិត បុប្ផា
ភ្នំពេញ៖ «Pig Butchering Scam» គឺមកពីពាក្យភាសាចិនហៅថា «shā zhū pán» ដែលមានន័យថា «សម្លាប់ជ្រូក»។ ពាក្យ «ជ្រូក» នេះដែរ គឺសំដៅលើជនរងគ្រោះ ដែលត្រូវជនសង្ស័យចូលទៅក្បែរ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយ ដើម្បីអូសទាញឱ្យវិនិយោគលើគម្រោងក្លែងក្លាយ ឆបោកទ្រព្យសម្បត្តិ និងចាប់ជំរិតជាដើម។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលដកស្រង់ពីសារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ជនរងគ្រោះជាច្រើននាក់ជុំវិញពិភពលោក បានខាតបង់ថវិកាយ៉ាងច្រើនចូលក្នុង Pig Butchering Scam តាមរយៈការប្រើវិធីសាស្រ្តបង្កើតគេហទំព័រក្លែងក្លាយ និងកម្មវិធីកុំព្យូទ័របង្កប់មេរោគរបស់ក្រុមឧក្រិដ្ឋជន ដើម្បីរៀបគម្រោងឆបោកជនរងគ្រោះ។ បច្ចេកទេសឆបោកជនរងគ្រោះ ដែលក្រុមឧក្រិដ្ឋជន តែងតែប្រើប្រាស់ រួមមាន៖ ក្រុមឧក្រិដ្ឋជន បង្កើតគណនីបណ្តាញសង្គមនានាដោយប្រើប្រាស់រូបភាពក្លែងក្លាយជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។
បន្ទាប់មកក្រុមឧក្រិដ្ឋជន ចាប់ផ្តើមកសាងទំនាក់ទំនងជាមួយជនរងគ្រោះ រយៈពេលយូរអង្វែង (១សប្តាហ៍ឡើងទៅ) ដើម្បីបង្កើតទំនុកចិត្ត និងភាពស្និទ្ធិស្នាល តាមរយៈការចែករំលែករឿងផ្ទាល់ខ្លួន និងសកម្មភាពប្រចាំថ្ងៃជាដើម។ នៅពេលដែលឧក្រិដ្ឋជនទទួលបានការទុកចិត្តពីជនរងគ្រោះហើយ ពួកគេចាប់ផ្តើមណែនាំគម្រោងវិនិយោគទៅលើអចលទ្រព្យ, រូបិយប័ណ្ណឌីជីថល (Crypto Currency), រូបិយប័ណ្ណបរទេស(Forex) និងការវិនិយោគផ្សេងៗទៀតដែលមានឱកាសចំណេញប្រាក់យ៉ាងច្រើន។
ឧក្រិដ្ឋជន នឹងជម្រុញឱ្យជនរងគ្រោះដាក់ប្រាក់បន្តិចបន្តួចដើម្បីសាកល្បងវិនិយោគលើគេហទំព័រក្លែងក្លាយដែលក្រុមឧក្រិដ្ឋជនបានរៀបចំទុក បន្ទាប់មកពួកគេបានផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ដើម្បីបង្កើតការទុកចិត្តពីជនរងគ្រោះ។ បន្ថែមពីនោះ ឧក្រិដ្ឋជន នឹងជម្រុញឱ្យជនរងគ្រោះដាក់លុយច្រើនក្នុងការវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញវិញកាន់តែច្រើន។ ក្នុងពេលជនរងគ្រោះដាក់ប្រាក់វិនិយោគច្រើននោះ ឧក្រិដ្ឋជនទាំងនោះនឹងបង្វិលប្រាក់ទាំងនោះទៅគណនីផ្សេងមួយទៀត ដោយជនរងគ្រោះពុំអាចយកប្រាក់ត្រឡប់មកវិញបានឡើយ។
ពាក់ព័ន្ធនឹងការវិនិយោគក្លែងក្លាយនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នលើទំនាក់ទំនងជាមួយបុគ្គលលើបណ្តាញសង្គមដែលមិនស្គាល់ច្បាស់លាស់, ត្រូវសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ, កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម ឬជាមួយមនុស្សពុំធ្លាប់ស្គាល់គ្នា និងប្រសិនបើពលរដ្ឋណាម្នាក់បានធ្លាក់ចូលទៅក្នុងការវិនិយោគក្លែងក្លាយ ឬជួបប្រទះករណីសង្ស័យខាងលើ ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែងរកដំណោះស្រាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី