2024-08-07
អ៊ួន សំណាង
2024-08-07
អ៊ួន សំណាង
ភ្នំពេញ៖ ផលិតផលបាណាបា, Gymnova, Hypoly និងផលិតផលផ្សេងៗទៀត គឺមិនអាចព្យាបាលជំងឺទឹកនោមផ្អែមបានឡើយ។ ក្រសួងសុខាភិបាល បានបដិសេធទាំងស្រុងបែបនេះ ក្រោយមានការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមហ្វេសប៊ុក តិចតុក ថា ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណទាំងនេះ អាចព្យាបាលជំងឺទឹកនោមផ្អែមដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើប្រាស់ឱសថសម័យ។
ក្រសួងសុខាភិបាល បានចុះផ្សាយនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ថា ផលិតផលទាំងនេះ គឺពុំមានហេតុផលបញ្ជាក់ពីវេជ្ជសាស្ត្រត្រឹមត្រូវ រួមទាំងធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាព ដូចជា៖ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតីហើយអាចបណ្តាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង។ លើសពីនេះ អ្នកប្រើប្រាស់ឱសថដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលទាំងនេះ នឹងមានភាពយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែលគ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគជាដើម។
មួយវិញទៀត ពលរដ្ឋដែលប្រើប្រាស់ថ្នាំទាំងនេះ ដើម្បីព្យាបាលជំងឺទឹកនោមផ្អែម នឹងខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថបុរាណគ្មានចុះបញ្ជីកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់។ អ្នកជំងឺនឹងកង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនដែលអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ។
ក្រសួងសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកជំងឺទឹកនោមផ្អែមទាំងអស់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្តនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលនៅជិតបំផុត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី