2024-07-24
លន់ ចាន់ធូ
2024-07-24
លន់ ចាន់ធូ
ភ្នំពេញ៖ ការសម្ពោធស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅខេត្តកោះកុង នឹងជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជា អាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីសម្ពោធដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្តើកហ្លួងចំនួន២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលក្នុងនោះអណ្តើកហ្លួងចំនួន១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេង ដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រក។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំង១២នេះ ដើម្បីការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។
ស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួងនេះ ទទួលបានជំនួយគាំទ្រការងារពីអភិរក្សសត្វល្មូន ដែលរួមមានអណ្តើកហ្លួង និងក្រពើត្រី នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។ មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលមានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមានេះ គឺជាទីកន្លែងដែលមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួងនិងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវាបាន។
អណ្តើកហ្លួងនេះ ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ២០០៥ និងមានចំនួនសរុបប្រមាណជា ១០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ខណៈដែលអណ្តើកហ្លួងនេះ ប្រទះឃើញតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី