2024-06-30
គិត បុប្ផា
2024-06-30
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យធនាគាររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ការព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ កាលពីទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារកណ្តាលឥណ្ឌូនេស៊ី និងគ្រោងចុះអនុស្សរណៈយោគយល់ (MOU) ទ្វេភាគី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ គម្រោងចុះ MOU រវាងកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី ដែលនឹងរួមចំណែកជំរុញកំណើនទេសចរណ៍ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។
ក្រៅពីការគ្រោងចុះ MOU លោកជំទាវបណ្ឌិតទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្ថែមពីការចូលរួមរបស់ធនាគារជាតិ នៅក្នុងការគាំទ្រសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល និងការពង្រឹងសន្តិសុខសាយប័រនៅក្នុងប្រព័ន្ធធនាគារកម្ពុជា។ ការចូលរួមគាំទ្ររបស់ធនាគារជាតិនេះ គឺតាមរយៈការបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
ឯកឧត្តម Santo Darmosumarto បានសរសើរអំពីការរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជា ពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូត និងការគាំទ្រពេញទំហឹងលើការពង្រឹងកិច្ចសហប្រតិបត្តិការដែលលោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងខាងលើ។ ឯកឧត្តម Santo Darmosumarto ក៏បានគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា ជាមួយសារមន្ទីរធនាគារកណ្តាលឥណ្ឌូនេស៊ី និងស្នើសុំរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅ ស.ស.រ នាពេលខាងមុខផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី