2024-04-25
គិត បុប្ផា
2024-04-25
គិត បុប្ផា
ភ្នំពេញ៖ សហគ្រាសខ្មែរ ដែលមានឈ្មោះ Home Taste Food បាននាំចេញត្រីងៀតខ្មែរជាផ្លូវការលើកដំបូងចំនួន ៤.៧តោន ទៅកាន់ប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
បើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្ងៃទី២៥ មេសា ថា ត្រីងៀតខ្មែរទាំង៤.៧តោននេះ មានត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម។ ការនាំចេញ ដែលធ្វើឡើងតាមរយៈការដឹកតាមកប៉ាល់ មានបំពាក់ប្រព័ន្ធត្រជាក់ នឹងទៅដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។
ក្រៅពីការនាំចេញទៅអូស្ត្រាលី សហគ្រាសខ្មែរ Home Taste Food ក៏មានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសញូហ្សែលែនផងដែរ ក្នុងបរិមាណជាង ១០០តោន នាពេលខាងមុខ។ លោកជំទាវ អ៊ឹម រចនា បានលើកឡើងថា ក្រសួងកសិកម្ម គាំទ្រនូវវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាការត្រួតពិនិត្យគុណភាព និងអនាម័យ តាមស្តង់ដាសុវត្ថិភាព អនុលោមតាមបទប្បញ្ញត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។
Home Taste Food ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការដំបូងគេ បានឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។ លើសពីការសហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម សហគ្រាសមួយនេះ ក៏បានសហការជាមួយអង្គការ UNIDO ដែលមានគោលបំណងគាំទ្រសមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង និងអនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី