2026-08-21
SME News
2026-08-21
SME News
ភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំជំរុញការប្រែក្លាយលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅជាផលិតផលដែលអាចចូលទីផ្សារ ពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតការងារជំនាញ តាមរយៈការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។
ក្នុងសិក្ខាសាលាស្តីពី «ការកសាងប្រព័ន្ធត្រីវន្តនវានុវត្តន៍ (Triple Helix) នៅកម្ពុជា» នៅរាជធានីភ្នំពេញ អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន បានចូលរួមជាមួយតំណាងសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាអំពីវិធីពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលភ្ជាប់សាកលវិទ្យាល័យ ឧស្សាហកម្ម និងរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កិច្ចសហការគឺជាសសរស្តម្ភគន្លឹះមួយក្នុងចំណោមសសរស្តម្ភទាំង៥ នៃផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការប្រកបដោយប្រសិទ្ធភាពត្រូវឈានហួសពីការត្រឹមតែចុះកិច្ចព្រមព្រៀង ដោយភ្ជាប់ការស្រាវជ្រាវឱ្យកាន់តែជិតស្និទ្ធទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។
ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងឧស្សាហកម្ម មិនមែនគ្រាន់តែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែគឺជាការបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យរវាងការស្រាវជ្រាវ និងតម្រូវការរបស់វិស័យឧស្សាហកម្ម រវាងធនធានមនុស្សមានទេពកោសល្យ និងការងារ រវាងបច្ចេកវិទ្យា និងទីផ្សារ ព្រមទាំងរវាងចំណេះដឹង និងផលជះជាក់ស្តែងក្នុងសង្គម។”
សិក្ខាសាលាបានកំណត់ការស្រាវជ្រាវរួម កម្មសិក្សាក្នុងវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា ការប្រើប្រាស់មន្ទីរពិសោធន៍រួមគ្នា និងការគាំទ្រដល់ការធ្វើពាណិជ្ជូបនីយកម្មបច្ចេកវិទ្យាថ្មីៗ ជាអាទិភាពចម្បង។ អ្នកចូលរួមក៏បានពិភាក្សាអំពីលទ្ធភាពអនុវត្តគម្រោងសាកល្បងជាមួយដៃគូមកពីប្រទេសម៉ាឡេស៊ី និងជប៉ុនផងដែរ។
ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសរំលេចថា លទ្ធផលស្រាវជ្រាវជាញឹកញាប់មិនអាចឈានទៅដល់ទីផ្សារបានទេ នៅពេលគ្រឹះស្ថានឧត្តមសិក្សា ធុរកិច្ច និងស្ថាប័នរាជរដ្ឋាភិបាល ធ្វើការដាច់ដោយឡែកពីគ្នា។
ឯកឧត្តមបានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងឧស្សាហកម្ម អាចជួយតភ្ជាប់គម្លាតទាំងនេះ ដោយបង្កើតមាគ៌ាដែលផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងតម្រូវការជាក់ស្តែង និងអនុញ្ញាតឱ្យចំណេះដឹង និងបច្ចេកវិទ្យា អាចផ្លាស់ទីពីមន្ទីរពិសោធន៍ឆ្ពោះទៅរកការអនុវត្ត ការធ្វើពាណិជ្ជូបនីយកម្ម និងជាចុងក្រោយ បង្កើតផលជះវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម។”
ក្នុងវេទិកាពិភាក្សា អ្នកជំនាញមកពីប្រទេសទាំងបីបានអំពាវនាវឱ្យមានការបន្ស៊ីកម្មវិធីសិក្សា និងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ ឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម ការពង្រឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះទំនាក់ទំនងសាកលវិទ្យាល័យ-ឧស្សាហកម្ម និងការរៀបចំការិយាល័យ និងយន្តការផ្ទេរបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។
អ្នកជំនាញក៏បានពិភាក្សាអំពីបទពិសោធន៍ពីប្រទេសម៉ាឡេស៊ី និងជប៉ុន ដែលអាចយកមកកែសម្រួលឱ្យសមស្របនឹងបរិបទអភិវឌ្ឍន៍របស់កម្ពុជា។
ឯកឧត្តម ហ៊ុល សៀងហេង បានបន្ថែមថា៖ “កម្ពុជាមិនចាំបាច់ចម្លងគំរូរបស់ប្រទេសម៉ាឡេស៊ី ឬជប៉ុននោះទេ។ យើងគួររៀនសូត្រពីបទពិសោធន៍របស់ប្រទេសទាំងនេះ កំណត់នូវវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងកែសម្រួលវិធីសាស្ត្រទាំងនេះឱ្យសមស្របទៅនឹងបរិបទ និងអាទិភាពជាតិរបស់យើង។” ខ្លឹមសារ និងរូបភាព ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី