SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជាជំរុញរបៀបវារៈបញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ ផ្អែកលើក្រមសីលធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ


កម្ពុជាជំរុញរបៀបវារៈបញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ ផ្អែកលើក្រមសីលធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ
A+ A-

ភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាកំពុងជំរុញការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយមនុស្សធម៌ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ច ទន្ទឹមនឹងធានាឱ្យការអភិវឌ្ឍនេះឈរលើគ្រឹះនៃក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា» ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវរក្សាតុល្យភាពរវាងការជំរុញវឌ្ឍនភាពបច្ចេកវិទ្យា និងការការពារមនុស្ស សង្គម និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បញ្ញាសិប្បនិម្មិតមិនត្រឹមតែជាកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានសារសំខាន់ក្នុងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់សុខដុមភាពសង្គមផងដែរ។”

សិក្ខាសាលានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដែលគាំទ្រនវានុវត្តន៍ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ ទំនុកចិត្តសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ការរៀបចំអភិបាលកិច្ចបញ្ញាសិប្បនិម្មិត មិនគួរបណ្តោយឱ្យបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្តែក៏មិនគួរដាក់ការរឹតត្បិតហួសហេតុ ដែលអាចរារាំងដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍នោះដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងត្រូវរក្សាឱ្យបាននូវតុល្យភាពយ៉ាងហ្មត់ចត់ រវាងការជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងហានិភ័យរបស់វាប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍យូរអង្វែងរបស់សង្គមជាតិយើងទាំងមូល។”

កម្ពុជាបាននិងកំពុងអនុវត្តវិធានការសំខាន់ៗជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ រួមមានការរៀបចំរបាយការណ៍និន្នាការនៃស្ថានភាពបញ្ញាសិប្បនិម្មិតក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣, ការវាយតម្លៃការត្រៀមខ្លួនផ្នែកបញ្ញាសិប្បនិម្មិតរបស់កម្ពុជាឆ្នាំ២០២៥, ការត្រៀមដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦-២០៣០, និងការរៀបចំក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ តាមរយៈក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្ពុជាក៏កំពុងសម្របសម្រួលអាទិភាពជាតិរបស់ខ្លួនឱ្យស្របតាមអនុសាសន៍ស្តីពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូផងដែរ។

កិច្ចពិភាក្សាក្នុងសិក្ខាសាលាបានផ្តោតលើតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការគាំទ្របរិវត្តកម្មឧស្សាហកម្ម ការអភិរក្សភាសា និងវប្បធម៌ខ្មែរ ក្នុងយុគសម័យឌីជីថល ការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការកសាងទំនុកចិត្តសាធារណៈចំពោះបច្ចេកវិទ្យាថ្មីៗ។ អង្គសិក្ខាសាលាត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកផ្តល់អនុសាសន៍ជាក់ស្តែង ដើម្បីគាំទ្រការរៀបចំក្របខ័ណ្ឌអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ ដែលសមស្របនឹងបរិបទ និងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី