2026-07-10
SME News
2026-07-10
SME News
ភ្នំពេញ៖ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ មានជំនឿយ៉ាងមុតមាំថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ រវាង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាមួយ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF), សមាគមស្វាយចន្ទីកម្ពុជា (CAC), សមាគមភស្តុភារកម្មកម្ពុជា (CLA) និង សមាគមអេឡិកត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) នឹងបង្កើតប្រកួតប្រជែងមិនអាចខ្វះបានសម្រាប់វិស័យឯកជន។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រស្តីពី « ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយឧស្សាហកម្ម » ជាមួយសហព័ន្ធ និងសមាគមទាំងបួន នាថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផាន់ ផល្លា មានជំនឿយ៉ាងមុតមាំថាពិធីចុះហត្ថលេខានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយចក្ខុវិស័យរួមគ្នា ដើម្បីជាឧត្តមភាពប្រកួតប្រជែងដែលមិនអាចខ្វះបានសម្រាប់វិស័យឯកជន និងសង្គមជាតិទាំងមូល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
បន្ថែមលើនេះ ឯកឧត្តម ផាន់ ផល្លា ចាត់ទុកថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅរកកាលានុវត្តភាពថ្មីមួយទៀតក្នុង ប្រព័ន្ធអេកូឡូស៊ីនៃការអភិវឌ្ឍជំនាញដែលដឹកនាំដោយវិស័យឯកជន ហើយបណ្តាវិស័យអាទិភាពទាំងនេះ ជាវិស័យគន្លឹះ និងជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការបង្កើនតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយជំនាញ និងប្រាក់បៀវត្សរ៍សមរម្យ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។
តាមរយៈពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ ឯកឧត្តម ផាន់ ផល្លា ក៏បានគូសបញ្ជាក់ថាគិតត្រឹម ខែមិថុនា ឆ្នាំ២០២៦ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានផ្តល់ថវិកាបដិភាគចំនួន ២៥,៧៤ លានដុល្លារអាមេរិក ដល់គម្រោងបណ្តុះបណ្តាលជំនាញចំនួន ២៧៩ គម្រោង សម្រាប់សិក្ខាកាមចំនួន ៩២ ៩៧៦ នាក់ (ស្រី្ត ៣៣ភាគរយ)។
ថវិកាបដិភាគនេះ ស្មើនឹង ៥៥ភាគរយ នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ៤៧,១១ លានដុល្លារ ខណៈ ៤៥ ភាគរយ ទៀតជាការចូលរួមរបស់វិស័យឯកជនចំនួន ៦០២ ក្រុមហ៊ុនសហគ្រាស,សមាគមធុរកិច្ចចំនួន ៣៣ និងគ្រឹះស្ថានបណ្តុះបណ្តាល (រដ្ឋ, ឯកជន និងអង្គការ) ចំនួន ១១៣ ។
ឯកឧត្តម ផាន់ ផល្លា គូសបញ្ជាក់បន្តថា ការវាយតម្លៃលទ្ធផលបន្ទាប់ពីការបណ្តុះបណ្តាលដោយក្រុមហ៊ុនឯករាជ្យ បានឆ្លុះបញ្ចាំងពីគុណភាព, តម្លៃនៃលុយ និងទំនុកចិត្តទៅលើយន្តការ SDF ទាំងកម្រិតបុគ្គល, រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាល ដែលរួមមាន៖ អត្រាបញ្ចប់ការសិក្សាជាមធ្យម ៩៦ភាគរយ, អត្រាពេញចិត្តរបស់សិក្ខាកាមជាមធ្យម ៨២ភាគរយ, អត្រាទទួលបានការងារធ្វើជាមធ្យម ៨៨ភាគរយ , អត្រាពេញចិត្តរបស់និយោជកជាមធ្យម ៨៥ភាគរយ និងការកើនឡើងនៃប្រាក់បៀវត្សរ៍ជាមធ្យម ២០ភាគរយ។
លើសពីនេះ ៨៩ភាគរយ នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ ហើយ ៨៣ភាគរយ បានទទួលបានផលចំណេញត្រឡប់មកវិញជាវិជ្ជមានលើការវិនិយោគ (ROI) ពីការអភិវឌ្ឍជំនាញ ដែលគាំទ្រដោយ SDF តាមរយៈការកើនឡើងនៃគុណភាព និងប្រសិទ្ធភាពការងារ ជាពិសេសគឺការថយចុះនៃការខូចខាតក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។
បន្ថែមលើនេះ ការវាយតម្លៃកម្មវិបាក រយៈពេលវែងដោយក្រុមការងារចំពោះកិច្ចដែលមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញពីផលវិជ្ជមាននៃ ROI ដែលជាការប៉ាន់ស្មាន រាល់ការចំណាយ ១ ដុល្លារ លើយន្តការរបស់ SDF បានផ្តល់ជាផលត្រឡប់មកលើសង្គមប្រមាណ ១.៧២ ដុល្លារ ដែលស្ថិតក្នុងអត្រាប្រហាក់ប្រហែលគ្នានឹងប្រទេស ក្នុងតំបន់អាស៊ី ប៉ុន្តែនៅទាបជាងបណ្តាលប្រទេសជឿនលឿនមួយចំនួន ដែលមានផលត្រឡប់ក្នុងអត្រាប្រមាណ ២ ទៅ ៣ ដុល្លារ។
ផ្អែកលើលទ្ធផលទាំងអស់នេះ ឯកឧត្តម ផាន់ ផល្លា លើកឡើងថា SDF មិនត្រឹមតែជាយន្តការហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គោលនយោបាយសម្រាប់ជំរុញ ការរួមគ្នារៀបចំ និងរួមគ្នាវិនិយោគរវាងវិស័យឯកជន និងវិស័យសាធារណៈ ការឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ការលើកកម្ពស់លទ្ធភាពមានការងារធ្វើយូរអង្វែង (Employability) និងការបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី