2025-05-29
គន ម៉េងហុង
2025-05-29
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថល ដើម្បីរួមចំណែកក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនខាងលើ កាលពីថ្ងៃទី២៨ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក៏កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេសផងដែរ ក្នុងនោះសម្តេចក៏បានបង្ហាញពីការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធនឹងការវិនិយោគនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនខាងលើ បន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ផងដែរ៕
នាំមកជូនដោយ