2025-04-29
ឃី ភារៈ
2025-04-29
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ព្រោះការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ ពិសេសក្នុងវិស័យឧស្សាហកម្ម គឺកំពុងរីកចម្រើនទៅមុខហើយ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កម្ពុជាត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានប្រជាជនចំនួន ៩៥ម៉ឺននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់។ ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះ និងបន្តផ្សព្វផ្សាយ ដើម្បីលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។ ការចុះឈ្មោះនេះ នឹងបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិក ប.ស.ស ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន៥១ ៣២៤នាក់នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និងធនាគារ ARDB៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី