2025-03-16
គិត បុប្ផា
2025-03-16
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗបន្ថែម ដល់ប្រតិបត្តិករឯកជន និងរដ្ឋាករទឹកសាធារណៈ ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ ធានា សេវាកម្ម ការអនុលោមបទប្បញ្ញត្តិ និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។
ឯកឧត្តម ហែម វណ្ណឌី ក៏បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ ត្រៀមលក្ខណៈបុរេសកម្ម ដើម្បីទប់ស្កាត់បញ្ហាខ្វះទឹកជាយថាហេតុ ព្រោះកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោក កំពុងរងផលវិបាកកើនឡើងពី ១ឆ្នាំ ទៅ ១ឆ្នាំ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រភពទឹក និងដល់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។
ក្នុងសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់ CWA ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន កម្មវិធី CAPRED ស្ថានទូតអូស្ត្រាលី ប្រតិបត្តិករទឹកស្អាត និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣៥០នាក់ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា វិស័យឯកជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤លានតំណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣,១០៣តំណ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីនៃសេវាទឹកស្អាតសម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះកិច្ចសហការជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ បានខិតខំពង្រីកសេវាទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មផង ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី