2025-03-05
ទូច សូរិយា
2025-03-05
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំរុញឱ្យមានការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការងារប្រមូលចំណូលថវិកាជាតិ។ ជាមួយគ្នានេះ វិធានការជំរុញការប្រើប្រាស់មុខងារ e-Payment ក៏ត្រូវបានដាក់ជាការងារអាទិភាពមួយ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាផងដែរ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយបន្ថែមទៀត ស្តីពីការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក លោកអគ្គនាយករង សែ សុឃន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបង់ពន្ធគយតាម e-Payment គឺផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញ-នាំចូល និងនីតិបុគ្គលជើងសាគយ ឱ្យមានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ កាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់ក្នុងដៃ និងចៀសវាងនូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬលេខគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធផងដែរ។
ចំពោះ មន្រ្តីគយនិងរដ្ឋាករវិញ លោកអគ្គនាយករង សែ សុឃន បានបញ្ជាក់ថា e-Payment ក៏បានផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលាទៀតផង។ មុខងារ e-Payment នេះ បង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានធនាគារពាណិជ្ជចំនួន១២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ ក្នុងនោះ ធនាគារពាណិជ្ជចំនួន៨ បានដាក់ឱ្យដំណើរការមុខងារ e-Payment ក្នុងការបង់ពន្ធគយ ហើយធនាគារពាណិជ្ជចំនួន១ កំពុងរៀបចំដាក់ឱ្យដំណើរការមុខងារនេះដែរ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានដាក់ឱ្យដំណើរការនូវ dynamic KHQR ដែលអាចស្គែនទូទាត់ពីគ្រប់ធនាគារពាណិជ្ជដែលជាសមាជិករបស់បាគងផងដែរ៕
នាំមកជូនដោយ