2025-03-01
ទូច សូរិយា
2025-03-01
ទូច សូរិយា
ភ្នំពេញ៖ សាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់កូរ៉េ ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់ប្រទេសកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង៕
នាំមកជូនដោយ