2025-01-03
ឃី ភារៈ
2025-01-03
ឃី ភារៈ
ភ្នំពេញ៖ សហគ្រាសជាអ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ តាមរបបស្វ័យប្រកាស ត្រូវកាន់ និងកត់ត្រាបញ្ជីគណនេយ្យតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន លេខ៖៩២ របស់អគ្គនាយកដ្ឋានពន្ធដារ ការកាន់ និងកត់ត្រាបញ្ជីគណនេយ្យត្រូវគោរពតាមគោលការណ៍សំខាន់ៗចំនួន៩ ដូចខាងក្រោម៖
ទី១. ត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យទ្វេភាគ ដោយផ្អែកលើមូលដ្ឋានគណនេយ្យបង្ករ, ទី២. រាល់ប្រតិបត្តិការត្រូវកត់ត្រាជាប្រាក់រៀល ឬរូបិយប័ណ្ណបរទេសណាមួយ ដែលមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចទី៣.ត្រូវចេញវិក្កយបត្រលើរាល់ប្រតិបត្តិការជាមួយបុគ្គលដទៃទៀត ហើយវិក្កយបត្រត្រូវមានលេខរៀង និងនិទ្ទេសត្រឹមត្រូវតាមការកំណត់។ ចំណែកទី៤. ត្រូវកត់ត្រាសេចក្តីរាយលម្អិតនៃវិក្កយបត្រឱ្យបានត្រឹមត្រូវចូលក្នុងទិនានុប្បវត្តិ និងទី៥. លិខិតយុត្តិការត្រូវមានចុះថ្ងៃខែឆ្នាំ និងរៀបចំទុកដាក់តាមលំដាប់ច្បាស់លាស់។
ចំពោះទី៦. ត្រូវកត់ត្រាចូលបញ្ជីគណនេយ្យនូវរាល់ប្រតិបត្តិការតាមលំដាប់ ដែលប្រតិបត្តិការទាំងនោះបានកើតឡើង, ទី៧. កំណត់ត្រាគណនេយ្យនីមួយៗត្រូវបង្ហាញអំពីប្រភព ខ្លឹមសារ ខ្ទង់គណនី លក្ខណៈសង្ខេបនៃប្រតិបត្តិការនិងឯកសារយោងជាសំអាង, ទី៨. រាល់ការកែតម្រូវត្រូវរក្សាទុកពីភ័ស្តុតាងបញ្ជាក់ពីការកែតម្រូវនោះ ដើម្បីអាចរកឃើញឡើងវិញបាននូវទឹកប្រាក់ពិតប្រាកដនៃចលនា សាច់ប្រាក់នៅក្នុងគណនី និងទី៩.បញ្ជីគណនេយ្យត្រូវធ្វើជាភាសាខ្មែរ ដោយប្រើលេខខ្មែរ ឬលេខឡាតាំង ប៉ុន្តែអាចកាន់បញ្ជីគណនេយ្យជំនួយជាភាសាផ្សេងបាន។
នៅពេលរដ្ឋបាលសារពើពន្ធមានការស្នើសុំឱ្យបង្ហាញភ័ស្តុតាង សហគ្រាសត្រូវបង្ហាញនូវរាល់ឯកសារគណនេយ្យ ជាអាទិ៍មានបញ្ជីសារពើភណ្ឌ ប័ណ្ណចំណូល ប័ណ្ណចំណាយជាដើម ដើម្បីបញ្ជាក់អះអាងនូវភាពពិតប្រាកដនៃព័ត៌មាន ដែលបានចុះក្នុងលិខិតប្រកាសសារពើពន្ធ។ ជាមួយគ្នានេះ អ្នកជាប់ពន្ធត្រូវរក្សាទុកបញ្ជី ឬឯកសារគណនេយ្យពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ១០ឆ្នាំ គិតពីដំណាច់ឆ្នាំជាប់ពន្ធដែលបញ្ជី ឬឯកសារទាំងនោះបានកត់ត្រានូវព័ត៌មានផ្សេងៗលើប្រតិបត្តិការរបស់សហគ្រាស។ ក្នុងករណីដែលសហគ្រាសមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធ ពិនិត្យបញ្ជីគណនេយ្យឬឯកសារផ្សេងៗ ឬមិនបានអនុវត្តត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន នឹងត្រូវចាត់ទុកជាអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិ ស្តីពីពន្ធដារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី