2023-11-21
ទូច សូរិយា
2023-11-21
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ៦,២លានតោន ទៅកាន់ប្រទេសចំនួន ៧៤ ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារ។ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ហើយកម្ពុជាដែលបាននិងកំពុងរង់នូវឥទ្ធិពលនេះផងដែរនោះ ប៉ុន្តែវិស័យកសិកម្មរបស់កម្ពុជានៅតែរឹងមាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតឹងផ្នែកសេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនិងវិស័យកសិកម្ម កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម បានលើកឡើងថា ក្នុងខណៈដែលប្រទេសជាច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ចសកល កម្ពុជាអាចធានាបាននូវសន្តិសុខស្បៀង ដោយយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីកសិកម្ម គឺយើងបាននាំចេញផលិតផលកសិកម្មយ៉ាងច្រើនរហូតដល់ទៅ ៦.២លានតោនក្នុងរយៈពេល ១០ខែកន្លងមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ទោះបីពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ និងបានជះផលអវិជ្ជមានដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណា ក៏វិស័យកសិកម្មនៅតែរឹងមាំ និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបន្ធូរបន្ថយភាពតឹងផ្នែកសេដ្ឋកិច្ច។ ជាពិសេស ការធានានូវសន្តិសុខស្បៀង ដោយបានបញ្ចៀសទាំងស្រុងនូវវិបត្តិស្បៀងអាហារ និងអតិផរណានៃតម្លៃស្បៀងរបស់កម្ពុជា»។
ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដោយផ្តោតលើវិស័យកសិកម្មនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិកតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយការរំពឹងថានឹងបានលទ្ធផលបន្ថែម ៦,៣លានតោន នៅខែវិច្ឆិកានិងខែធ្នូខាងមុខនេះ៕
នាំមកជូនដោយ