2024-12-19
ទូច សូរិយា
2024-12-19
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យសហព័ន្ធដំឡូងមីកម្ពុជា សហការជាមួយសហគ្រិនខ្មែរ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជាធនាគារសហគ្រាសធុនតូចនិងមធ្យម (SMEs Bank) និងធនាគារ ARDB ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការធ្វើផែនការអាជីវកម្ម ការចូលរួមពិព័រណ៍អន្តរជាតិ និងការពង្រីកទីផ្សារជាដើម។
ក្នុងជំនួបរវាងប្រតិភូមកពីសហព័ន្ធដំឡូងមីកម្ពុជា ដឹកនាំដោយ ឧកញ៉ា ច្រាយ សុន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ ទៅជាការកែច្នៃក្នុងស្រុក គឺជាគន្លឹះក្នុងការបង្កើតតម្លៃបន្ថែម, លើកកម្ពស់ជីវភាពកសិករ និងធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជាថែមទៀត។ លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមផ្សព្វផ្សាយដល់កសិករដែលជាអ្នកដាំដំឡូងមីប្រមាណ ៩ម៉ឺនគ្រួសារ ឱ្យស្វែងយល់ និងចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ភាពធន់ និងបរិយាបន្នសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឧកញ៉ា ច្រាយ សុន បានបញ្ជាក់ថា កម្ពុជា នាំចេញដំឡូងមីស្រស់បាន៩៥% និងកែច្នៃក្នុងស្រុកចំនួន៥% ដែលសរុបទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ ក្នុងនោះ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដោយមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៦០ម៉ឺន-៨០ម៉ឺនហិកតា។ ឧកញ៉ា ច្រាយ សុន បានបន្តថា មើមដំឡូងមី គឺអាចកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងអាចកែច្នៃបន្ត ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា សហព័ន្ធដំឡូងមីកម្ពុជា គឺមានតួនាទីសំខាន់ណាស់ក្នុងការកៀរគរអ្នកដាំ, ជំរុញការប្រើប្រាស់ពូជដែលសម្បូរម្សៅ និងការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយយុត្តិធម៌។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ក្រសួង គាំទ្រនូវសំណើររបស់សហព័ន្ធ ក្នុងការអនុវត្តផលិតកម្មស្អាត និងការបង្កើតចង្កោមខ្សែច្រវាក់តម្លៃដំឡូងមី ពិសេសបានចាត់ឱ្យវិទ្យាស្ថានស្តង់ដារកម្ពុជា ធ្វើបច្ចុប្បន្នភាព «ស្តង់ដារកម្ពុជា» សម្រាប់អនុវិស័យដំឡូងមី ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី