2023-11-18
ទូច សូរិយា
2023-11-18
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាល ប្រកាសបន្តលើកលែងពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ, ផលិតផល និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ចំពោះផលិតផលកសិកម្មចំនួន ៥មុខបន្ថែមទៀត សម្រាប់រយៈពេល២ឆ្នាំបន្តទៀត ខណៈពេលដែលរដ្ឋាភិបាលអាណត្តិមុន ធ្លាប់បានអនុគ្រោះពន្ធលើផលិតផលកសិកម្មនេះចំនួន ៨មុខរួចមកហើយក្នុង«វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៨កន្លងទៅ។
នៅក្នុង«វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្តអនុគ្រោះពន្ធលើប្រាក់ចំណូលក្នុងវិស័យសិកម្មចំនួន ៥មុខបន្ថែមទៀតនោះ រួមមាន៖ មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ។ ការអនុគ្រោះនេះទទួលបានរយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥ តាមការស្នើសុំពីវិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមកពីអនុវិស័យជាច្រើន នៃវិស័យកសិកម្ម ទាក់ទងនឹងការបង់ពន្ធនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអនុគ្រោះពន្ធបន្ថែមផលិតផលកសិកម្មចំនួន ៥ មុខនេះ គឺអនុវត្តតាមយន្តការលើកទឹកចិត្តដូចគ្នានឹងប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពី៖«ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត, ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក,ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, និងជ័រកៅស៊ូ»។ លក្ខខណ្ឌនេះ តម្រូវឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឱ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្ទៀងផ្ទាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រួលនិងពង្រីកវិសាលភាព នៃការអនុគ្រោះពន្ធក្នុងវិស័យកសិកម្មនេះ ដោយកសិកម្ម គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើនក្នុងគោលដៅ និងជំរុញការអភិវឌ្ឍឱ្យក្លាយទៅជាចន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។
ទាក់ទងនឹងផលិតផលកសិកម្មនេះ រដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង«វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៨កន្លងទៅ បានលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសផលិត, ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញលើផលិតផលកសិកម្មចំនួន៨មុខ រួចមកហើយ ដោយរួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្តែក, ដំឡូងមី, គ្រាប់ស្វាយចន្ទី, និងជ័រកៅស៊ូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី