2024-12-08
ទូច សូរិយា
2024-12-08
ទូច សូរិយា
ភ្នំពេញ៖ វិន័យហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាព, កំណើន និងភាពធន់ទាំងក្នុងស្ថានភាពបុគ្គល និងអាជីវកម្ម ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ វិន័យហិរញ្ញវត្ថុនេះដែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទម្លាប់ទៀងទាត់លើការចំណាយ, ការសន្សំ និងការវិនិយោគ ដើម្បីធានានូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ និងភាពរឹងមាំផ្នែកសុខភាពហិរញ្ញវត្ថុរយៈពេលវែងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមពុទ្ធិមូលបត្ររបស់និយ័តករមូលបត្រកម្ពុជា ចុះផ្សាយនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងនិរន្តរភាព ត្រូវមានគន្លឹះនៃការបង្កើតវិន័យហិរញ្ញវត្ថុ ដូចជា៖ ទី១.បង្កើតគម្រោងថវិកា មានន័យថាបង្កើតកំណត់ត្រាគម្រោងថវិកាលម្អិត ដែលកំណត់ពីគោលដៅនៃប្រភពចំណូល, ចំណាយ និងការសន្សំ ដើម្បីកំណត់បាននូវស្ថានភាពហិរញ្ញវត្ថុជាក់លាក់។ ទី២.បង្កើតគោលដៅហិរញ្ញវត្ថុ គឺត្រូវកំណត់គោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង ដើម្បីតម្រង់ទិសក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព, ទី៣.កំណត់អាទិភាពលើការសន្សំ ត្រូវចេះបែងចែកផ្នែកនៃចំណូលសម្រាប់ការសន្សំ មុនពេលចំណាយលើវត្ថុដែលមិនចាំបាច់ ដើម្បីបង្កើតកញ្ចប់ថវិកាសុវត្តិភាព។
ចំពោះ ទី៤.ជៀសវាងការចំណាយតាមចំណង់ ត្រូវប្រកាន់ខ្ជាប់នូវផែនការថវិកា និងត្រូវគិតគូរដោយប្រុងប្រយ័ត្នពីភាពចាំបាច់មុននឹងចំណាយ, ទី៥.តាមដានការចំណាយ គឺត្រូវតាមដានការចំណាយជាប្រចាំ ដើម្បីជៀសវាងការចំណាយដែលមិនមានភាពចាំបាច់ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ។
ចំណែក ទី៦.បង្កើតមូលនិធិសម្រាប់គ្រាមានអាសន្ន សន្សំថវិកាមួយចំនួនសម្រាប់រ៉ាប់រងលើការចំណាយ ដែលមិនអាចដឹងទុកជាមុន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចី នៅពេលមានវិបត្តិហិរញ្ញវត្ថុដែលមិនបានរំពឹងទុកមុន។
ទី៧.ការគ្រប់គ្រងបំណុលដោយឆ្លាតវៃ គឺការកាត់បន្ថយការប្រើប្រាស់កាតឥណទានលើទំនិញដែលមិនចាំបាច់ ហើយទូទាត់បំណុលដែលមានស្រាប់ឱ្យបានទៀងទាត់តាមពេលវេលាកំណត់, ទី៨.វិនិយោគប្រកបដោយយុទ្ធសាស្ត្រ គឺរៀនពីការវិនិយោគ និងអនុវត្តយុទ្ធសាស្ត្រវិនិយោគនានា សម្រាប់រយៈពេលវែង ដើម្បីបង្កើនទ្រព្យសម្បត្តិ, ទី៩.ទទួលយកភាពសាមញ្ញ ត្រូវអនុវត្តការចំណាយដោយប្រុងប្រយ័ត្ន ជៀសវាងការចំណាយលើទំនិញប្រណិត ដែលមិនចាំបាច់។
រីឯ ទី១០.បន្តបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺស្វែងយល់បន្ថែមអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន, ការវិនិយោគ និងនិន្នាការសេដ្ឋកិច្ច ដើម្បីធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឱ្យបានឆ្លាតវៃ។ គួរបញ្ជាក់ថា វិន័យហិរញ្ញវត្ថុទាមទារឱ្យប្រកាន់ខ្ជាប់នូវការប្រើប្រាស់ថវិកាតាមផែនការដែលបានគ្រោងទុក ជៀសវាងការបង្កើតបំណុលមិនចាំបាច់ និងការបែងចែកថវិកាមួយចំនួនសម្រាប់ធ្វើការវិនិយោគ ដែលវិន័យនេះជាជំនាញដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី