ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងក្រុងសៀមរាប។ ការប្រារព្វនេះ ដើម្បីរួមចំណែកថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ព្រមទាំងផ្ដល់ឱកាសដល់សាធារណជន និងភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយផងដែរ។
រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៩ តុលា ថា ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានរៀបចំឱ្យមានការប្រណាំងទូក«ង» និងពិធីដង្ហែ និងបណ្ដែតប្រទីប ពិធីសំពះព្រះខែ អកអំបុកផងដែរ។ សម្រាប់កម្មវិធីមួយចំនួនដែលរួមមាន៖ ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពិព័រណ៍ផលិតផលផ្សេងៗ ព្រមទាំង មានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់គុនខ្មែរ នឹងរៀបចំឱ្យមានចាប់តាំងពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យនេះ កាន់តែមានភាពអធិកអធមថែមទៀត។
ការរៀបចំពិធីបន្ថែម រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងវិស័យឯកជននានា។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយឱ្យបានច្រើនកុះករផងដែរ៕