2024-04-07
ទូច សូរិយា
2024-04-07
ទូច សូរិយា
ភ្នំពេញ៖ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹក ដែលមានផ្ទៃដីសរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្តចំនួន១៤។
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងវិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤ កាលពីថ្ងៃទី៤ មេសា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលប្រឈមនូវខ្វះទឹកស្រោចស្រពតាមបណ្តាខេត្តចំនួន១៤។ ខេត្តទាំងនោះ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍ដែលកំពុងអនុវត្តនេះ នឹងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបទពិសោធ ក្នុងការអនុវត្តការងារកន្លងមកសម្រាប់ជាមូលដ្ឋាន ដើម្បីអនុវត្តការងារនៅពេលខាងមុខកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានថ្លែងថា៖ «ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឱ្យស្ថានភាពធាតុអាកាសកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត កាន់តែកើនឡើងដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាជន»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានឱ្យអង្គភាពជំនាញបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងថែទាំស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដល់ប្រជាកសិករ និងបន្តផ្សព្វផ្សាយដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជនឱ្យបន្តចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី