2025-11-28
គិត បុប្ផា
2025-11-28
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ប្តេជ្ញាបន្តជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិកា G-PSF ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។ របាយការណ៍វឌ្ឍនភាព G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នេះ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ ខែបន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។
វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។ វេទិកានេះ ជាមរតកដែលមានអាយុកាលជាង ២៥ឆ្នាំ បន្សល់ទុកដោយ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើង កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនឱ្យក្លាយជាកម្លាំងចលករពិតប្រាកដ នៃកំណើនសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី