2024-03-14
ទូច សូរិយា
2024-03-14
ទូច សូរិយា
ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួន ដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តទង្វើខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ នេះបើតាមការចុះផ្សាយសេចក្តីប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៣ មីនា។
សមាគមឧកញ៉ាកម្ពុជា បានសង្កេតឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់បុគ្គល ឬអង្គភាពព័ត៌មានមួយចំនួន នៅតាមបណ្ដាញសង្គមដូចជាហ្វេសប៊ុក និងតិកតុក ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្ត ដែលមានងារជាឧកញ៉ា។ ការផ្សព្វផ្សាយទាំងនោះ ហាក់មានភាពទូលំទូលាយដោយមិនផ្តោតលើគោរមវន្តរូបណាមួយ ដែលធ្វើឱ្យមានការវាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធ នៅក្នុងរឿងរ៉ាវទាំងនោះ។
តាមរយៈការចុះផ្សាយនេះ សមាគមឧកញ៉ាកម្ពុជា បានស្នើដល់បុគ្គល ឬអង្គភាពព័ត៌មាន ដែលផ្សព្វផ្សាយ ចំពោះបុគ្គលដែលប្រព្រឹត្តខុស និងមិនគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយគោរមងារឧកញ៉ាដទៃ ពីព្រោះមានឧកញ៉ាជាច្រើន បានខិតខំថែរក្សាការពារគោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសេចក្តីប្រកាស សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ទៀតថា សូមបុគ្គល ឬបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួនលុបចោលជាបន្ទាន់នូវការចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធលើបញ្ហាណាមួយនោះ។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។
លើសពីនេះ សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត តែសូមចុះផ្សាយព័ត៌មានណាដែលពិតប្រាកដ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនិងសារព័ត៌មាន ឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ ដល់ស្ថាប័នទាំងមូលឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី