2025-06-06
គិត បុប្ផា
2025-06-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បដិសេធមិនទទួលយកការស្នើរបស់ភាគីថៃ ដែលឱ្យកម្ពុជា ដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ព្រោះជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងតាំងពីដើមរៀងមក។
ក្នុងជំនួបជាមួយ ឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ដូច្នេះថា៖ «កម្ពុជា មិនអាចថយពីទីតាំង ដែលបានឈរជើងជាយូរណាស់ និងជាទឹកដីរបស់ខ្លួនបានឡើយ ហើយដរាបណាថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នាជាមួយកម្ពុជា នោះយើងមិនអាចរកចំនុចកណ្តាលថែរក្សាស្ថិរភាពព្រំដែនបានទេ»។
កម្ពុជា នៅតែគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក ដូច្នេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ រួមមានតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ។ ក្នុងជំនួបដដែលនោះ ភាគីថៃ ក៏បានគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។
ឯកឧត្តម Phumtham Wechayachai ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាលចំនួន ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ។ កម្ពុជា និងថៃ ឯកភាពកាត់បន្ថយភាពតានតឹង ដោយបានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ ព្រមទាំងឯកភាពគ្នា ក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី