2025-05-26
ទូច សូរិយា
2025-05-26
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។
គំនិតផ្តួចផ្តើមនេះ គឺមានចែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ស្នើសុំឱ្យគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយសម្របសម្រួលក្នុងការគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវ ក្នុងខេត្តឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣ពាន់នាក់ ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៥ ថា តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើម នឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំផងដែរ។
គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ និងមានប្រជាជនប្រមាណ ៩០ម៉ឺននាក់។ ខេត្តនេះមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ព្រោះជាតំបន់ឈប់សំចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើររវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន ៧០,៧៧០ ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី